តុលាការកំពូល ទុកពេលឲ្យ CNRP ២០ថ្ងៃ ដាក់ឯកសារតប ចំពោះសំណុំរឿងរំលាយបក្ស (សូមអាន)

បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ កាលពេលថ្មីៗកន្លងទៅនេះ ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ តុលាការកំពូល បានទុករយៈពេល ២០ថ្ងៃ ដល់គណបក្សសង្គ្រោះជាតិ ដើម្បីដាក់ឯកសារត្រៀម ក្នុងការតបតជាមួយគ្នា ក្នុងដំណើរការរឿងក្តីរំលាយគណបក្ស។
យោងតាមដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀម របស់ លោក សែម សន្តិកូឡា ចៅក្រមទទួលបញ្ជា របស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល ចុះថ្ងៃទី៩ ខែតុលា និងបានបិទនៅមុខស្នាក់ការ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែតុលា បានឲ្យដឹងថា “យើង សែម សក្តិកូឡា ចៅក្រមទទួលបញ្ជា របស់ក្រុមប្រឹក្សាជុំជម្រះ នៃតុលាការកំពូល បង្គាប់មកប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការអាសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃដែលភ្ជាប់ជាមួយនេះ ដូនតុលាការកំពូល អំឡុងពេល ២០ថ្ងៃ គិតចាប់ថ្ងៃបានទទួលការបញ្ជូនដីការបង្កាប់”។
មន្ត្រីទទួលបន្ទុកបញ្ជូនកិច្ចការឯកសាររបស់តុលាការកំពូល ឈ្មោះ គឹម វណ្ណាវ៉េត និង ឈ្មោះ ខឹម វាសនា ដែលយកមកបិទភ្ជាប់ របងស្នាក់ការគណបក្សសង្គ្រោះជាតិនោះ បានឲ្យដឹងថា “ខ្ញុំបានយកដីការបង្គាប់ ឲ្យដាក់ឯកសារត្រៀម មកដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៥៖៣០នាទី ខ្ញុំបាទបានជួបបុគ្គលិក នៅទីស្នាក់ការ គាត់បាននិយាយថា ថ្ងៃនេះអត់ធ្វើការទេ ហើយផ្នែករដ្ឋបាលទីស្នាក់ការបក្ស គ្មាននរណាម្នាក់នៅទេ។ អីចឹងគាត់មិនហ៊ានទទួលដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមនេះទេ”។
នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០១៧ មន្រ្តីបញ្ជូនកិច្ចការរបស់តុលាការកំពូល ក៏បានមកទីស្នាក់ការបក្សម្តងទៀត ប៉ុន្តែនៅតែមិនមានអ្នកទទួល ហើយក៏សម្រេចបិទ នៅមុខទីស្នាក់ការបក្សតែម្តង។សូមជម្រាបថា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ចំនួន ៥រូប បានដាក់ពាក្យប្ដឹង រំលាយគណបក្សសង្ក្រោះជាតិ កាលពីថ្ងៃ៦ ខែតុលាកន្លងទៅ៕


Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)